24 ខែ មេ​សា 2018

អាយុកាលគម្រោង

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម|attribut_html

វគ្គបណ្ដុះបណ្ដាលស្ដីអំពីការសរសេរគម្រោង

ពាក្យនេះមានគោលដៅស្វែងរកបុគ្គលិករដ្ឋបាល គ្រូបង្រៀន និងអ្នកស្រាវជ្រាវ ដែលចាប់អារម្មណ៍ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពីការសរសេរគម្រោង សម្រាប់ឆ្លើយតបទៅនឹងការផ្ដល់ឧបត្ថម្ភធនផ្សេងៗ។ ម្យ៉ាងទៀត ដោយហេតុតែគ្រូឧទ្ទេសសុំឱ្យមានកំណត់ចំនួនសិក្ខាកាម ចម្លើយរបស់លោក លោកស្រី ទៅនឹងសំណួរទាំងប៉ុន្មានដែលមាននៅខាងក្រោមនេះ នឹងជាជំនួយដល់គ្រូឧទ្ទេសសម្រាប់ជ្រើសរើសអ្នកចូលរួមវគ្គបណ្ដុះបណ្ដាល។

សូមបំពេញកម្រងសំណួរខាងក្រោមនេះជាភាសាខ្មែរ អង់គ្លេស ឬបារាំង រួចផ្ញើទៅលោក នន់ ដារ៉ា៖ daranon@hotmail.com / 069 850 390 ឱ្យបានត្រឹម ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨

ខ្លឹមសាររួមនិងកម្មវិធីនៃវគ្គបណ្ដុះបណ្ដាល

បរិបទ៖ វគ្គបណ្ដុះបណ្ដាលស្ដីអំពីការសរសេរគម្រោងនេះ រៀបចំឡើងក្នុងក្របខណ្ឌគម្រោង GEReSH-CAM (អភិបាលកិច្ចនិងការរំលេចឡើងនៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា)។ គម្រោង GEReSH-CAM ជាគម្រោងជួយពង្រឹងសមត្ថភាព ដែលមានការចូលរួមឧបត្ថម្ភធនពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប និងមានប្រាំប្រទេសចូលរួម៖ កម្ពុជា បារាំង លេតូនី លីទុយអានី និងប៊ែលហ្ស៊ិក។ ក្នុងគម្រោងនេះដែរ មានគ្រឹះស្ថានឧត្ដមសិក្សាចំនួនប្រាំបីនៅកម្ពុជានិងអឺរ៉ុបរួមសហការគ្នាជាមួយក្រសួងពីរនៅកម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីលើកកម្ពស់ការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ ដោយបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវរួមមួយសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅឆ្នាំ២០១៨ ការងារចម្បងរបស់គម្រោង គឺពង្រឹងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សាតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ។

គោលបំណងវគ្គបណ្ដុះបណ្ដាល៖
• បណ្ដុះបណ្ដាលអំពីការសរសេរគម្រោង ដើម្បីឆ្លើយតបទៅនឹងការផ្ដល់ឧបត្ថម្ភធនសម្រាប់គម្រោងស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ ដោយប្រើវិធីសាស្ត្រគរុកោសល្យដែលជំរុញឱ្យសិក្ខាកាមចូលរួមសកម្ម៖ សិក្ខាកាមនឹងសិក្សា វិភាគ និងរៀបចំសរសេរគម្រោងដើម្បីឆ្លើយតបទៅនឹងកម្មវិធីផ្ដល់ឧបត្ថម្ភធនមួយរបស់វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ (IRD) ដែលមានឈ្មោះថា «Jeunes équipes associées à l’IRD» (JEAI) (ក្រុមស្រាវជ្រាវក្មេងខ្ចីដែលធ្វើការជាមួយ IRD)
• ជំរុញឱ្យមានក្រុមស្រាវជ្រាវសកម្ម
• ជំរុញឱ្យគម្រោងស្រាវជ្រាវមានលក្ខណៈអន្តរវិស័យនិងអន្តរជាតិ

អំពីការផ្ដល់ឧបត្ថម្ភធន «Jeunes équipes associées à l’IRD» (JEAI) (ក្រុមស្រាវជ្រាវក្មេងខ្ចីដែលធ្វើការជាមួយ IRD)

កម្មវិធី JEAI មានគោលបំណងជំរុញឱ្យបង្កើតក្រុមស្រាវជ្រាវថ្មី ឬពង្រឹងក្រុមស្រាវជ្រាវដែលមានស្រាប់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដោយយកអង្គភាពស្រាវជ្រាវនានារបស់ IRD ជាដៃគូវិទ្យាសាស្រ្ត។ កម្មវិធី JEAIជួយឱ្យអ្នកស្រាវជ្រាវនៅក្នុងប្រទេសកំពុងអភិវឌ្ឍចូលរួមគ្នាបង្កើតជាក្រុមការងារ ដើម្បីរៀបចំធ្វើនិងអនុវត្តឱ្យបានសម្រេចនូវគម្រោងស្រាវជ្រាវឬគម្រោងបណ្តុះបណ្តាលតាមរយៈការស្រាវជ្រាវ។

ដែលហៅថា «ក្រុមស្រាវជ្រាវក្មេងខ្ចីដែលធ្វើការជាមួយ IRD» (JEAI) គឺត្រូវ៖
• មានសមាជិកជាអ្នកស្រាវជ្រាវមកពីប្រទេសកំពុងអភិវឌ្ឍ យ៉ាងតិចបីនាក់
• មានទីតាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ
• មានដៃគូជាអង្គភាពស្រាវជ្រាវណាមួយរបស់ IRD
• មានប្រធានបទស្រាវជ្រាវដែលទាក់ទងទៅនឹងបញ្ហាសំខាន់ៗនាពេលបច្ចុប្បន្ន ដូចជា បញ្ហាសង្គម បញ្ហាសុខភាព និងបញ្ហាបរិស្ថានជាដើម
• ហើយស្ថិតនៅក្នុងបរិបទអំណោយផល ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នអាណាព្យាបាលជាដើម។

ក្រុមស្រាវជ្រាវក្មេងខ្ចី (JEAI) អាចជាក្រុមដែលទើបង្កើតថ្មី ឬក្រុមដែលមានស្រាប់ ហើយត្រូវការពង្រឹងក្រុមឱ្យបានរឹងមាំថែមទៀត។ ពាក្យថា «ក្មេងខ្ចី» សំដៅដល់អាយុកាលក្រុម មិនមែនអាយុនៃសមាជិកក្រុមនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ប្រសិនបើមានអ្នកដែលទើបនឹងចាប់ផ្ដើមអាជីពស្រាវជ្រាវចូលរួម ក៏ជាការប្រសើរ។

វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ (IRD) អាចចូលរួមចំណែកឧបត្ថម្ភដំណើរការក្រុមស្រាវជ្រាវក្មេងខ្ចី (JEAI) ដល់ត្រឹម ៥0,000€ (ប្រាំម៉ឺនយូរ៉ូ) សម្រាប់រយៈពេល ៣ឆ្នាំ។

សូមមើលព័ត៌មានបន្ថែម៖ https://en.ird.fr/ird.fr/partnerships/capacity-building/specific-programs/jeai-program
ភាសាប្រើក្នុងវគ្គបណ្ដុះបណ្ដាល៖ ខ្មែរ បារាំង និងអង់គ្លេស (មានបកប្រែផ្ទាល់មាត់ ខ្មែរ-បារាំង)
ទីកន្លែង៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:
កាលបរិច្ឆេទ៖ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨

កម្មវិធីបណ្ដោះអាសន្ន

ថ្ងៃទី១៖
• រំលឹកគោលបំណងនៃវគ្គបណ្ដុះបណ្ដាល
• បទបង្ហាញអំពីគម្រោងនានារបស់សិក្ខាកាម
• បទបង្ហាញអំពីឧបករណ៍ជំនួយក្នុងការដំឡើងគម្រោង (problem tree, logical framework, Gantt chart ។ល។)
ថ្ងៃទី២ និងទី៣៖
• សរសេរគម្រោងជាក្រុម
ថ្ងៃទី៤៖
• បទបង្ហាញរបស់ក្រុមនីមួយៗអំពីគម្រោងរបស់ខ្លួន និងអនុសាសន៍របស់គ្រូឧទ្ទេស


ដៃគូ