28 ខែ វិច្ឆិកា 2018

អាយុកាលគម្រោង

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម សិក្ខាសាលាស្ដីអំពី "ឧបករណ៍ព័ត៌មានវិទ្យាសម្រាប់ការស្រាវជ្រាវ"

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម សិក្ខាសាលាស្ដីអំពី

ពាក្យ​នេះ​មាន​គោលដៅ​ស្វែង​រកបុគ្គលិកគ្រូ​បង្រៀន អ្នកស្រាវជ្រាវ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត ដែល​ចាប់​អារម្មណ៍​ចូលរួម​សិក្ខាសាលា​ស្ដី​អំពី "ឧបករណ៍ព័ត៌មាន​វិទ្យា​សម្រាប់​ការ​ស្រាវជ្រាវ" (Computing Tools for Research)។ សិក្ខាសាលានេះមានសារៈសំខាន់ចំពោះអ្នកស្រាវជ្រាវទូទៅ និងអ្នកដែលចង់ក្លាយជាអ្នកស្រាវជ្រាវ។ អ្នក​ដែល​កំពុង​​ឬ​​បម្រុង​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​សង្គម​សាស្ត្រ​-មនុស្សសាស្ត្រ មានអាទិភាពជាងគេក្នុងការចូលរួមសិក្ខាសាលានេះ។

សូមបំពេញកម្រងសំណួរខាងក្រោមនេះជាភាសាខ្មែរ អង់គ្លេស ឬបារាំង រួចផ្ញើទៅលោក សុខ លឹម​ស្រ៊ន់ តាម​​តេឡេក្រាម (SOK LIMSRORN, 012 316 846) ឬ​តាមអ៊ីមែល soklimsrorn@gmail.com ឱ្យ​បានមុន​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៨។

ចម្លើយរបស់លោក លោកស្រី នឹងជួយ​សម្រួល​ដល់ការងាររៀបចំ និងជាជំនួយដល់គ្រូឧទ្ទេស ក្នុងការ​សម្របខ្លឹមសារនិងវិធីសាស្ត្រ​បង្រៀន​ឱ្យ​ត្រូវ​ទៅ​នឹង​ករណី​ជាក់​ស្ដែង​របស់​លោក លោកស្រី។

ខ្លឹមសាររួមនិងកម្មវិធីនៃសិក្ខាសាលា

បរិបទ៖ សិក្ខាសាលា​ស្ដីអំពី "ឧបករណ៍ព័ត៌មាន​វិទ្យា​សម្រាប់​ការ​ស្រាវជ្រាវ" នេះ រៀបចំឡើងក្នុងក្របខណ្ឌគម្រោង GEReSH-CAM (អភិបាលកិច្ច​និង​ការ​រំលេច​ឡើង​នៃ​ការ​ស្រាវជ្រាវ​ផ្នែក​មនុស្ស​សាស្ត្រ​នៅ​កម្ពុជា)។ គម្រោង GEReSH-CAM ជាគម្រោងជួយពង្រឹងសមត្ថភាព ដែលមានការចូលរួមឧបត្ថម្ភធនពីកម្មវិធី Erasmus+ របស់​សហភាពអឺរ៉ុប និងមានប្រាំប្រទេសចូលរួម៖ កម្ពុជា បារាំង លេតូនី លីទុយអានី និងប៊ែលហ្ស៊ិក។ ក្នុងគម្រោងនេះដែរ មានគ្រឹះស្ថាន​ឧត្ដមសិក្សា​និង​ស្រាវជ្រាវ​ចំនួន​ប្រាំបី​នៅ​កម្ពុជានិងអឺរ៉ុបរួមសហការគ្នាជាមួយក្រសួងពីរនៅកម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បី​លើក​កម្ពស់​ការស្រាវជ្រាវ​ផ្នែក​មនុស្សសាស្ត្រ ដោយ​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម​មួយសម្រាប់​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ និង​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅឆ្នាំ២០១៨ ការងារចម្បងរបស់គម្រោង គឺ​ពង្រឹង​សមត្ថភាព​គ្រឹះស្ថាន​ឧត្តម​សិក្សា​តាម​រយៈ​ការ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេងៗ។

គោលបំណងវគ្គបណ្ដុះបណ្ដាល៖

វគ្គបណ្ដុះបណ្ដាលនេះ​មាន​គោលបំណងបំពេញបន្ថែម​នូវ​ចំណុច​ខ្វះ​ខាតខាង​សមត្ថភាព​ប្រើប្រាស់​​ឧបករណ៍​ព័ត៌មាន​វិទ្យា​ដែល​អាច​ជួយ​សម្រួល​ការងារ​អ្នក​ស្រាវជ្រាវ​ក្នុង​វិស័យ​សង្គម​សាស្ត្រ​-មនុស្ស​សាស្ត្រ​ ដូចជា​ការប្រមូល​និង​វិភាគទិន្នន័យ និងរៀបចំឯកសារយោង/ពិគ្រោះ/គន្ថនិទ្ទេសជាដើម។

ភាសាប្រើក្នុងវគ្គបណ្ដុះបណ្ដាល៖ ខ្មែរ បារាំង និង​អង់គ្លេស (មានបកប្រែផ្ទាល់មាត់ ខ្មែរ-បារាំង)

បញ្ជាក់៖ សូមសិក្ខាកាម​យក​​កុំ​ព្យូទ័រផ្ទាល់ខ្លួន​មក​ជាមួយ​ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់។

ទីកន្លែង៖ បន្ទប់ Symposium នៅជាន់ផ្ទាល់ដីនៃអាគារ G (វិទ្យាស្ថានភាសាបរទេស ឬ​ហៅ​កាត់ថា IFL, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)

កាលបរិច្ឆេទ៖ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨

កម្មវិធីបណ្ដោះអាសន្ន

១. ថ្ងៃទី១៖ ពេញមួយថ្ងៃ

  • បើកកម្មវិធី​សិក្ខា​សាលា
  • បទបង្ហាញអំពី​អត្ថប្រយោជន៍ និង​ការ​ប្រើប្រាស់​ឧបករណ៍ព័ត៌មាន​វិទ្យាមួយ​ចំនួន​ដែល​ចាំបាច់សម្រាប់អ្នក​ស្រាវជ្រាវ និងការ​អនុវត្ត​​ជាក់​ស្ដែង
  • កម្មវិធី Nvivo (សម្រាប់ការវិភាគ​តាម​បែប​បរិមាណវិស័យ) + ការ​អនុវត្ត

២. ថ្ងៃបន្តបន្ទាប់៖​ មាន​តែ​ពេល​ព្រឹក​ទេ

  • កម្មវិធី Endnotes/Zotero (សម្រាប់រៀបចំឯកសារយោង/ពិគ្រោះ/គន្ថនិទ្ទេស), Text to Speech and Speech to Text, Ancient Manuscript Digitalization of Sluk Rith, SPPSS (សម្រាប់ការវិភាគ​បែប​គុណ​វិស័យ) និង​អាច​មាន​​បទបង្ហាញផ្សេងៗ​ទៀតដោយ​វាគ្មិន​ផ្សេងៗ អាស្រ័យទៅ​តាម​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ជា​ក្រុម + ករណី​សិក្សា / កិច្ចពិភាក្សា​ជា​ក្រុម។

ទាញយកពាក្យបង្ហាញចំណាប់អារម្មណ៍


ដៃគូ