22 ខែ ធ្នូ 2018

អាយុកាលគម្រោង

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម សិក្ខាសាលាស្ដីអំពី "បណ្ណាល័យ"

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម សិក្ខាសាលាស្ដីអំពី

ពាក្យនេះមានគោលដៅស្វែងរកបុគ្គលិក-មន្ត្រីទទួលបន្ទុកបណ្ណាល័យ គ្រូបង្រៀន អ្នកស្រាវជ្រាវ ដែលចាប់អារម្មណ៍ចូលរួមវេទិកាស្ដីអំពី ការគ្រប់គ្រងបណ្ណាល័យ (Workshop on Library)។ សិក្ខាសាលានេះមានសារៈសំខាន់ចំពោះបុគ្គលិក-មន្ត្រីទទួលបន្ទុកផ្នែកបណ្ណាល័យ-អំណាន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ តាមគ្រឹះស្ថានអប់រំទូទៅ និងគ្រឹះស្ថានឧត្ដមសិក្សាទូទៅនៅកម្ពុជា។ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល រោងពុម្ព បណ្ណាគារដែលចាប់អារម្មណ៍ ក៏អាចចូលរួមសិក្ខាសាលាបានដែរនេះ។

សូមបំពេញកម្រងសំណួរខាងក្រោមនេះ (ទំព័រ ៦-៧) ជាភាសាខ្មែរ អង់គ្លេស ឬបារាំង រួចផ្ញើទៅលោក សុខ លឹមស្រ៊ន់ តាមតេឡេក្រាម (SOK LIMSRORN, 012 316 846) ឬតាមអ៊ីមែល soklimsrorn@gmail.com។

ទាញយកពាក្យបង្ហាញចំណាប់អារម្មណ៍

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម សិក្ខាសាលាស្ដីអំពី "បណ្ណាល័យ"

ចម្លើយរបស់លោក លោកស្រី នឹងជួយសម្រួលដល់ការងាររៀបចំ និងជាជំនួយដល់គ្រូឧទ្ទេសក្នុងការសម្របខ្លឹមសារនិងវិធីសាស្ត្របង្រៀនឱ្យត្រូវទៅនឹងករណីជាក់ស្ដែងរបស់លោក លោកស្រី។

ខ្លឹមសាររួមនិងកម្មវិធីនៃសិក្ខាសាលា

បរិបទ៖ វេទិកាស្ដីពីបណ្ណាល័យ រៀបចំឡើងក្នុងក្របខណ្ឌគម្រោង GEReSH-CAM (អភិបាលកិច្ចនិងការរំលេចឡើងនៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា)។ គម្រោង GEReSH-CAM ជាគម្រោងជួយពង្រឹងសមត្ថភាព ដែលមានការចូលរួមឧបត្ថម្ភធនពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប និងមានប្រាំប្រទេសចូលរួម៖ កម្ពុជា បារាំង លេតូនី លីទុយអានី និងប៊ែលហ្ស៊ិក។ ក្នុងគម្រោងនេះដែរ មានគ្រឹះស្ថានឧត្ដមសិក្សានិងស្រាវជ្រាវចំនួនប្រាំបីនៅកម្ពុជានិងអឺរ៉ុបរួមសហការគ្នាជាមួយក្រសួងពីរនៅកម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីលើកកម្ពស់ការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ ដោយបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវរួមមួយសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅឆ្នាំ២០១៨ ការងារចម្បងរបស់គម្រោង គឺពង្រឹងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សាតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ។

គោលបំណងវគ្គបណ្ដុះបណ្ដាល

• ចែករំលែកព័ត៌មានស្ដីពីស្ថានភាពបណ្ណាល័យរបស់ស្ថាប័នសមាជិកគម្រោង បូករួមទាំងប្រវត្តិ កម្រងឯកសារ កន្លែងស្វ័យសិក្សា និងមុខងាររបស់បណ្ណាល័យ
• ស្វែងយល់អំពីតួនាទី បញ្ហាប្រឈម និងយុទ្ធសាស្ត្ររបស់បណ្ណាល័យផ្សេងៗ
• សិក្សាស្វែងយល់ថាតើអ្នកស្រាវជ្រាវទន្ទឹងរង់ចាំអ្វីខ្លះពីបណ្ណាល័យក្នុងការងារ​ស្រាវជ្រាវរបស់ពួកគាត់
• កំណត់និងយល់អំពីតម្រូវការ និងបញ្ហាប្រឈមនៅពេលបច្ចុប្បន្ននិងអនាគតរបស់អ្នកប្រើប្រាស់បណ្ណាល័យ (និស្សិត/អ្នកស្រាវជ្រាវ)
• អភិវឌ្ឍបណ្ណាល័យនិងបណ្ដាញបណ្ណាល័យដើម្បីចែករំលែកចំណេះ-ជំនាញ ធនធាន ការកសាងសមត្ថភាពនិងវិជ្ជាជីវៈរបស់បណ្ណារក្សមកពីស្ថាប័នសមាជិកនិងស្ថាប័នពាក់ព័ន្ធផ្សេងៗ
• ស្វែងយល់ជារួមអំពីឥទ្ធិពលរបស់ឌីជីថលក្នុងការគ្រប់គ្រងបណ្ណាល័យ
• ផ្ដល់វេទិកាដល់បណ្ណារក្ស និស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវជួបពិភាក្សាគ្នាអំពីតម្រូវការ បញ្ហាប្រឈម កង្វល់ និងផែនការសម្រាប់អនាគតរបស់ពួកគាត់

ខ្លឹមសារៈសំខាន់ៗដែលសិក្ខាកាមនឹងរៀននិងចូលរួមត្រិះរិះពិចារណារួមមាន
• ការគ្រប់គ្រង ឧបសគ្គត្រូវជម្នះ និងការលើកតម្លៃបណ្ណាល័យ
• សាវតា ស្ថានភាពបច្ចុប្បន្ន និងអនាគតនៃបណ្ណាល័យនៅកម្ពុជា៖ បណ្ណាល័យធំៗនៅកម្ពុជា
បច្ចេកវិទ្យាព័ត៌មានវិទ្យា វត្តមានឌីជីថលក្នុងបណ្ណាល័យ
តួនាទីរបស់បណ្ណារក្ស/បណ្ណាល័យក្នុងការងារស្រាវជ្រាវ

ដំណើរការនៃការបណ្ដុះបណ្ដាល

ស្ដាប់បទបង្ហាញ ពិភាក្សាជាក្រុម ធ្វើសក្ខីកម្ម ចែករំលែកបទពិសោធន៍។
កាលបរិច្ឆេទ៖ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ (កន្លះថ្ងៃ x ៦)
ភាសា៖ ខ្មែរ បារាំង និងអង់គ្លេស (បកប្រែប្រដេញខ្មែរ-បារាំង)
ទីកន្លែង៖ សាលប្រជុំបណ្ណាល័យហ៊ុនសែន (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)


ដៃគូ